“នៅទីនេះមានម្ទេសពីរប្រភេទដែលខ្ញុំដាំ ទី១ម្ទេសអាចម៍សត្វ និងទីពីរម្ទេសអាពូជសរ។ ម្ទេសទាំងពីរមុខនេះគឺប្រើត្រូវណាស់សម្រាប់យកទៅធ្វើជាម្ទេសជ្រក់ហូបជាមួយគុយទាវ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ជាងម្ទេសដៃនាងក្រហមៗដែលភាគច្រើនយកពីវៀតណាម។ ការជ្រើសយកពូជម្ទេសនេះមកដាំមិនមែនមកពីមូលហេតុអីច្បាស់លាស់ទេ តែដោយសារជាទូទៅដំណាំគឺធ្វើឆ្លាស់គ្នារហូត ហើយភាគច្រើនខ្ញុំដាំតាមរដូវ ហើយការដាំម្ទេសនេះទៀតសោត ខ្ញុំដាំបានរយៈពេលច្រើនឆ្នាំមកដែរហើយ។ ខ្ញុំចាប់ផ្តើមចេះធ្វើចម្ការតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ហើយការដាំម្ទេសនេះក៏មិនបានឆ្លងកាត់ការរៀនសូត្រអីពីសាលាត្រឹមត្រូវអីទេ។ ខ្ញុំរៀនសូត្រពីការដាំដុះនេះតាមរយៈការសង្កេតមើលពីឪពុកម្តាយ ធម្មតាទេយើងកូនចៅអ្នកចម្ការពេលពួកគាត់ធ្វើ ក៏ចេះតែលួចហើយរៀនសូត្រពីគាត់ហ្នឹងឯង។
ជាទូទៅម្ទេសអាចចាប់ផ្តើមដាំចាប់ពីខែ១០ ហើយទាល់តែពីរបីខែក្រោយមកទើបដើមវាធំល្មមអាចចេញផ្លែអោយយើងបេះបាន ហើយវាអាចអោយយើងប្រមូលផលបានសឹងតែរាល់ថ្ងៃ។ ផលដែលប្រមូលបានគឺមិនទៀងទាត់ទេ តែជាទូទៅគឺមិនលើសលើសពី ១០គីឡូជាងក្នុងមួយថ្ងៃទេ។ ដោយសារតែដីចំការដែលខ្ញុំដាំម្ទេសរាល់ថ្ងៃនៅជាប់ទន្លេ អីចឹងទឹកមិនមែនជាបញ្ហាទេសម្រាប់ការដាំដុះ បើសិនខែណាខ្សោះទឹក ខ្ញុំអាចអូសទឹកពីផ្ទះមកស្រោចបាន ហើយបើនិយាយពីការថែទាំវិញ ម្ទេសមានភាពងាយស្រួលក្នុងការថែទាំជាងដំណាំផ្សេងៗ។ ម្ទេសដែលខ្ញុំដាំគឺតាមលក្ខណៈធម្មជាតិសុទ្ធសាធ គ្មានដាក់គីមីបង្ខំយកផលទៅណាទេ ដូច្នេះដំណាំក៏វាល្អតាមហ្នឹងដែរ។ សព្វថ្ងៃខ្ញុំមានផ្ទៃដីដាំម្ទេសសរុប ៥០ម៉ែត្រគុណនឹង១០០ម៉ែត្រ ទំហំប៉ុណ្ណេះនេះគឺថាសុីពេលជិតមួយថ្ងៃហើយគ្រាន់តែប្រមូលផង ណានៅរឿងកាត់ស្មៅ ដាក់ជីអីម្តងៗទៀត ពេលខ្លះរត់សឹងមិនរួចម្នាក់ឯង។ ចម្ការដែលខ្ញុំធ្វើគឺនៅពីក្រោយផ្ទះខ្ញុំនេះឯង ឯយាយវាធ្វើនៅចម្ការមួួយទៀតទំហំដូចគ្នាតែនៅជាប់នឹងទន្លេនោះឯង រៀងឆ្ងាយពីផ្ទះបន្តិច។ ពេលខ្លះយើងជួលគេមកជួយបេះដែរហ្នឹង ដោយមួយថ្ងៃគេយក ៣ម៊ឺនរៀល។ ជីវភាពអ្នកចម្ការតែប៉ុណ្ណឹងឯង រាល់ថ្ងៃតែពីរនាក់តាហើយនិងយាយហ្នឹងឯង កូនៗគេមិនសូវមកជួយអីប៉ុន្មានទេ ព្រោះគេមានការងាររបស់គេធ្វើរៀងៗខ្លួនរបស់គេដែរ។”
លោកអ៊ុំ រ៉ែន សុផល ហៅគុជ, ៦៥ឆ្នាំ
អ្នកដាំម្ទេស
នៅកោះម្អម កៀនស្វាយ ខេត្តកណ្តាល
០៨៦ ៦៨០ ២៣៧/០១៧ ៦៤៣ ៦៣១
