កាលពីប៉ុន្មានខែមុនយើងបានទៅដល់ភូមិអូរឈើក្រំ ខេត្តប៉ៃលិន ស្ថិតនៅជាប់នឹងព្រំដែនប្រទេសថៃតែម្តង។ បើយើងមិនមែនជាអ្នកនៅទីនោះទេ ទៅឃើញសណ្ធានដីហើយគួរអោយចង់រស់នៅ តែបើសួរថាធ្វើអ្វីនៅទៅនោះបានច្បាស់ជាត្រូវចំណាយពេលគិតបន្តិចហើយ ត្បិតអីវាសុទ្ធតែជាភ្នំសឹងតែទាំងអស់ទៅហើយ។ តែសម្រាប់ប្រជាជននៅទីនោះវិញ្ញដីនោះឯងគឺជាឆ្នាំងបាយរបស់ពួកគេ ព្រោះពួកគេប្រើប្រាស់ដីទាំងនោះឯងសម្រាប់ធ្វើការដាំដុះដំណាំរបស់ពួកគេ។ ប៉ុន្តែការដាំដុះនោះវាមិនតែងតែល្អដូចអ្វីដែលយើងរំពឹងទុកនោះទេ។
ជា តៃនីនដែលជាកសិករដាំម្ទេសនិងត្រប់មួយរូបដែលរស់នៅនឹងធ្វើចម្ការនៅលើខ្នងភ្នំតែម្តងបាននិយាយថា “គ្រប់យ៉ាងគឺធ្វើទៅបានទាំងអស់ហ្នឹង តែគ្រាន់ថាបានល្អរឺមិនល្អគឺវាអាស្រ័យ”។ ជាក់ស្តែងដំណាំម្ទេសនិងត្រប់របស់តៃនីន មិនសូវជាបានផលល្អនោះទេព្រោះថាមានកង្វះខាតប្រព័ន្ធផ្គត់ផ្គង់ទឹកខ្លាំង។ ម្យ៉ាងនៅលើភ្នំនោះសីតុណ្ហភាពឡើងចុះខ្លាំងៗតែម្តងពោលបើក្តៅគឺក្តៅខ្លាំងបើត្រជាក់គឺត្រជាក់ខ្លាំង។ពេលខ្លះខំដាំរាប់ខែដល់ពេលជិតប្រមូលផលបែរជារាំងស្ងួតនាំអោយដំណាំស្វិតស្រពោនគ្មានអ្នកចង់ទិញឡើយ។
មុត ឌឿនដែលជាកសិករ ដាំមៀនខ្មែរ ត្រងែន និងស្វាយ ក៏ជួបបញ្ហាស្រដៀងគ្នាដែរ តែមិនសូវធ្ងន់ធ្ងរដូចករណីតៃនីនទេ។ ករណីឌឿនគឺដីមិនសូវមានជីវជាតិទាំងស្រុង។ ឌឿនប្រាប់ថា ដីផ្នែកខាងលើៗមើលទៅធម្មតាទេ តែដល់ពេលដំណាំចាក់រឹសជ្រៅទៅៗវាទៅប៉ះនឹងថ្មដែលនាំអោយដើមងាប់បន្តិចម្តងៗ។ កន្លងមកមៀននិងស្វាយរបស់ឌឿនបានងាប់មិនតិចដើមទេ។ មកទល់ពេលនេះឌឿន ពុំទាន់មានដំណោះស្រាយប្រសើរឡើយក្រៅពីរំលងដីប្រភេទនោះ។ ឌឿននិយាយថា “ធ្វើម៉េចទេបើយើងនៅម្តុំដីភ្នំចឹង”។
នេះគ្រាន់តែជាបញ្ហាខ្លះៗប៉ុណ្ណោះដែលកសិករនៅតំបន់ភ្នំគាត់ជួបប្រទះទាក់ទងនឹងការដាំដុះ។ វាមានបញ្ហាផ្សេងទៀតដែលយើងមិនបានរៀបរាប់ជូនអស់ដូចជាសត្វល្អិត ជម្ងឺឆ្លងពីដំណាំមួយទៅមួយ។ បញ្ហាមិនបានចប់ត្រឹមពេលប្រមូលផលនោះទេ។ ពេលយកទៅលក់កសិករប្រឈមនឹងបញ្ហាជាមួយឈ្មួញកណ្តាល ពន្ធនិងការដឹកជញ្ជូនផ្សេងៗ។
បញ្ហាទាំងនោះកំពុងទាមទារអោយមានដំណោះស្រាយពីរដ្ឋាភិបាលនិងដៃគូធ្វើការពាក់ព័ន្ធផ្សេងៗ។
